និស្សិតសាកលវិទ្យាល័យត្រាវិញទទួលអាហារូបករណ៍ “លើកស្ទួយនិស្សិតពិន្ទុខ្ពស់បំផុត” ឆ្នាំ២០២២

(TVU) - នៅព្រឹកថ្ងៃទី០១ ខែធ្នូ មូលនិធិឧបត្ថម្ភទេពកោសល្យយុវវ័យវៀតណាម និងកាសែតTien Phong សហការចាត់តាំងពិធីផ្តល់កិត្តិយស និងជូនអាហារូបករណ៍ “លើកស្ទួយនិស្សិតពិន្ទុខ្ពស់បំផុត” ភាគខាងត្បូងឆ្នាំ២០២២ នៅទីក្រុងហូជីមិញ។

តាមគណៈចាត់តាំង កម្មវិធីអាហារូបករណ៍ ទទួលបានសំណុំលិខិតជាង៣០០ ហើយក្រោយពីពិនិត្យជ្រើសរើស បានប្រកាសបញ្ជីរាយនាមនិស្សិតនៅតាមសាកលវិទ្យាល័យភាគខាងជើងចំនួន៧០នាក់ (ចាប់​ពីខេត្ត Quang Tri ចេញទៅ) និងនិស្សិតនៅតាមសាកលវិទ្យាល័យភាគខាងត្បូងចំនួន៧០នាក់ ដែលមានពិន្ទុខ្ពស់បំផុត និស្សិតមានស្នាដៃឆ្នើមក្នុង​សម័យ​ប្រឡងជាប់សាកលវិទ្យាល័យនានាទូទាំងប្រទេស បានទទួលអាហារូបករណ៍នេះ។ អាហារូបករណ៍មួយចំណែកៗតម្លៃ១០លានដុង។

6-1

6-2

 

6-3

 

ក្នុងនោះ សាកលវិទ្យាល័យត្រាវិញ មាននិស្សិត៣នាក់ បានទទួលអាហារូបករណ៍ រួមមានប្អូន Tran Le Thanh Vy និស្សិតមហាវិទ្យាល័យគរុកោសល្យអក្សរសាស្រ្ត ជំនាន់២០២២ (ពិន្ទុខ្ពស់បំផុត) ប្អូន Le Thanh Huyen និស្សិតមហាវិទ្យាល័យគរុកោសល្យអក្សរសាស្រ្ត ជំនាន់២០២២ (ពិន្ទុខ្ពស់ចំណាត់ថ្នាក់លេខ២) និងប្អូន Chau Chia និស្សិតមហាវិទ្យាល័យគរុកោសល្យភាសាខ្មែរ ជំនាន់២០២២ (ពិន្ទុខ្ពស់ចំណាត់ថ្នាក់លេខ២)។

លោក Pham Quoc Khanh អនុប្រធានការិយាល័យការងារសិស្សនិស្សិតឱ្យដឹង៖ ប្អូនៗនិស្សិតសាកលវិទ្យាល័យត្រាវិញ ដែលទទួលបានអាហារូបករណ៍លើកនេះ មានស្ថានភាពខុសៗគ្នា។ ប៉ុន្តែប្អូនៗទាំងអស់សុទ្ធតែឈានឡើងជម្នះនូវជោគវាសនារបស់ខ្លួន ដើម្បីទទួលបានលទ្ធផលសិក្សាល្អ ហើយសំខាន់ជាងនេះទៀត គឺជាសារសម្តែងបង្ហាញពីក្តីប្រាថ្នាដ៏ខ្លាំងក្លារបស់យុវវ័យដោយគោលបំណងយកជាញជ័យលើចំណុចកំពូលនៃចំណេះដឹង ដើម្បីអនាគតក្រោយពីបញ្ចប់កម្មសិក្សាចេញទៅបម្រើសង្គម។

លោក Pham Quoc Khanh​ សង្ឃឹមថា ក្រោយពីទទួលបានអាហារូបករណ៍ ប្អូនៗនិស្សិតនឹងខិតខំរៀនសូត្រ និងលត់ដំជាងទៀត ដើម្បីបន្តទទួលបានអាហារូបករណ៍ក្នុងឆ្នាំខាងមុខៗទៀត ប្អូនៗនិស្សិតនឹងឆ្លងកាត់ការលំបាក កង្វះខាតដើម្បីរៀនសូត្រឱ្យកាន់តែល្អប្រសើរ បំពេញនូវក្តីស្រមៃរបស់ខ្លួន។

ផ្ញើបិយវាចាថ្លែងអំណរគុណចំពោះគណៈចាត់តាំងអាហារូបករណ៍ ប្អូន Tran Le Thanh Vy អ្នកជាប់ពិន្ទុខ្ពស់បំផុត និស្សិតមហាវិទ្យាល័យគរុកោសល្យអក្សរសាស្រ្ត ជំនាន់២០២២ ឱ្យដឹងដោយក្តីរំភើប៖ “ប្អូនធ្លាប់គិតដែរ គ្រួសារប្អូននឹងមិនគ្រប់លទ្ធភាពគិតគូរឱ្យប្អូនបន្តការសិក្សា ប៉ុន្តែម្តាយប្អូនគាត់តែងជំរុញទឹកចិត្តប្អូនជានិច្ច។ ព្រោះហេតុនោះហើយ ប្អូនតែងខិតខំទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ដើម្បីរៀនឱ្យបានល្អ។ ប្អូនពិតជាមានសំណាងណាស់ ដោយសារបានលោកគ្រូ អ្នកគ្រូ មិត្តភ័ក្តិ និងសប្បុរសជនយកចិត្តទុកដាក់ ជួយទំនុកបម្រុងប្អូន ទើបប្អូនទទួលបានលទ្ធផលដូចសព្វថ្ងៃ។

ប្អូន Chau Chia ជាប់ពិន្ទុខ្ពស់ចំណាត់ថ្នាក់លេខ២ និស្សិតមហាវិទ្យាល័យគរុកោសល្យភាសាខ្មែរ ជំនាន់២០២២ សំណេះសំណាល៖ “មូលនិធិអាហារូបករណ៍នេះ មិនត្រឹមតែជួយប្អូនកាត់បន្ថយការបារម្ភអំពីសេដ្ឋកិច្ចប៉ុណ្ណោះទេ នៅទាំងជាកម្លាំងចលករបន្តក្តីស្រមៃរបស់ប្អូន ជួយប្អូនជឿជាក់លើខ្លួនឯងរៀនសូត្រកាន់តែល្អប្រសើរក្នុងពេលខាងមុខទៀតផង។ ប្អូនមានអារម្មណ៍ នៅជុំវិញខ្លួនតែងមានលោកគ្រូ អ្នកគ្រូ មិត្តភ័ក្តិជួយទំនុកបម្រុង ផ្តើមពីនោះ ជំរុញឱ្យប្អូនកាន់តែខិតខំរៀនសូត្រជាងទៀត”។

ប្អូន Le Thanh Huyen ជាប់ពិន្ទុខ្ពស់ចំណាត់ថ្នាក់លេខ២ និស្សិតមហាវិទ្យាល័យគរុកោសល្យអក្សរសាស្រ្ត ជំនាន់២០២២ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះមូលនិធិឧបត្ថម្ភអាហារូបករណ៍ទេពកោសល្យយុវវ័យវៀតណាម កាសែត Tien Phong និងអ្នកឧបត្ថម្ភ។

ប្អូន Thanh Huyen ឱ្យដឹង៖ “ពួកប្អូនសូមថ្លែងអំណរគុណចំពោះគណៈចាត់តាំងកម្មវិធី ដែលបានជូនអាហារូបករណ៍ដល់ពួកប្អូននូវអំណោយមានអត្ថន័យដ៏ក្រៃលែងនេះ។ ទោះជាស្ថានភាពនៅលំបាក និងកង្វះខាតច្រើនក៏ដោយ ប៉ុន្តែពួកប្អូនទាំងអស់មានចំណង់ចំណូលចិត្តរៀនសូត្រដូចគ្នា ចង់ឈានឡើងដើម្បីបានរួមចំណែកបម្រើសង្គម”។

កម្មវិធី “លើកស្ទួយនិស្សិតពិន្ទុខ្ពស់បំផុត” គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពប្រចាំឆ្នាំរបស់មូលនិធិឧបត្ថម្ភអាហារូបករណ៍ទេពកោសល្យយុវវ័យវៀតណាម ចំណុះមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងការសែត Tien Phong ដែលជាស្ថាប័នប្រចាំការ។ កម្មវិធីនេះ ដើម្បីស្ងើចសរសើរ ផ្តល់ជូនអាហារូបករណ៍ដល់និស្សិតថ្មីដែលទទួលបានពិន្ទុខ្ពស់បំផុត និងនិស្សិតដែលមានស្ថានភាពលំបាក ទទួលបានពិន្ទុចំណាត់ថ្នាក់ខ្ពស់ចូលរៀនមហាវិទ្យាល័យ និងវិទ្យាស្ថាននានាក្នុងទូទាំងប្រទេស៕

អត្ថបទដោយ៖ Hoang Nam – Pham Quoc Khanh

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញទទួលអាហារូបករណ៍ “លើកស្ទួយនិស្សិតពិន្ទុខ្ពស់បំផុត” ឆ្នាំ២០២២