ការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 ធ្នូ 2022
- ចុចដង៖ 222
ប្រភព៖ https://baodongkhoi.vn/giao-luu-van-hoa-viet-nam-han-quoc-16122022-a108979.html
ជាលើកដំបូងនៅមជ្ឈមណ្ឌលវប្បធម៌ និងភាពយន្តខេត្ត បានចាត់តាំងមហោស្រពវប្បធម៌វៀតណាម-កូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះមានការចំណាប់អារម្មណ៍និងចូលរួមយ៉ាងកុះករពីសំណាក់សិស្សនិស្សិតនិងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន។ មហោស្រពនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលវប្បធម៌-ភាពយន្តខេត្ត និងវិទ្យាស្ថានKing Sejong ត្រាវិញ។
ជ្រុងមួយនៃកន្លែងតាំងសៀវភៅ “វៀតណាម-កូរ៉េខាងត្បូងតភ្ជាប់រាល់ទំព័រសៀវភៅនីមួយៗ” នាឱកាសពិធីមហោស្រពវប្បធម៌វៀតណាម-កូរ៉េខាងត្បូងនៅខេត្តបេនត្រែ។
សកម្មភាពផ្លាស់ប្តូរវប្បធម៌
តាំងពីព្រលឹម នៅកន្លែងចាត់តាំងមហោស្រពបានប្រព្រឹត្តទៅយ៉ាងសប្បាយអ៊ូអរ ដោយមានសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើនរវាងប្រទេសទាំងពីរ។ លោក Nguyen Hoai Anh នាយកមជ្ឈមណ្ឌលវប្បធម៌និងភាពយន្តខេត្តបានជូនដំណឹងថា៖ “ក្នុងពិធីមហោស្រពនេះ យើងខ្ញុំមានសកម្មភាពឧទ្ទេសនាមអំពីវប្បធម៌បេនត្រែដូចជា៖ ចងស្លឹកដូង ធ្វើនំក្រៀប ក៏ដូចជាឧទ្ទេសនាមអំពីវប្បធម៌កូរ៉េខាងត្បូង។ អ្នកទាំងអស់គ្នាអាចហូបនូវម្ហូបអាហារ ពាក់នូវសំលៀកបំពាក់ប្រពៃណី និងចូលរួមក្នុងល្បែងប្រជាប្រិយរបស់កូរ៉េខាងត្បូង។ ជាពិសេស សកម្មភាពដែលទាក់ទាញយុវវ័យ គឺជាកន្លែងសម្រាប់សាកល្បងថតរូបជាមួយនឹងសម្លៀកបំពាក់ប្រពៃណីកូរ៉េខាងត្បូង (ហាន់បុក)។ ទើបបានសាកល្បងហាន់បុកបងស្រី Tran Thi Quynh Lam (ទីក្រុងបេនត្រែ) បានចែករំលែកថា៖ “ពីមុនមកខ្ញុំមិនដែលសាកល្បងសម្លៀកបំពាក់កូរ៉េខាងត្បូងទេ ដូច្នេះហើយមានអារម្មណ៍គួរឱ្យចាប់ចិត្តណាស់។ សម្លៀកបំពាក់នៅទីនេះក៏ស្អាតដែរ។ សកម្មភាពមហោស្រពនេះពិតជាមានអត្ថន័យ ហើយរួមចំណែកលើកស្ទួយវប្បធម៌នៃប្រទេសទាំងពីរប្រកបដោយវិចិត្រភាព”។
ទីកន្លែងសម្លៀកបំពាក់បុរាណវៀតណាមរបស់អង្គភាព Chieu Minh Cac ក៏ទទួលបានការយកចិត្តទុកដាក់ពិសេសផងដែរ។ យុវជនជាច្រើនបានពាក់អាវ Tâc និងអាវ Nhat Binh ជាលើកដំបូង ហើយបានសម្តែងនូវក្តីរីករាយ និងរំភើបរបស់ពួកគេ។ប្អូន Ngoc Huyen (ទីក្រុងបេនត្រែ) បាននិយាយថា “ខ្ញុំបានស្រាវជ្រាវអំពីវត្ថុបុរាណវៀតណាមនៅលើអ៊ីនធឺណិតជាច្រើន ប៉ុន្តែពីមុនមកខ្ញុំមិនដែលសាកល្បងពាក់វាទេ។ ថ្ងៃនេះខ្ញុំអាចពាក់អាវប្រពៃណីរបស់ជាតិយើង។ ខ្ញុំមានមោទនភាពណាស់ សម្លៀកបំពាក់វៀតណាមពិតជាស្អាត។
ក្នុងមហោស្រពនេះ ទីកន្លែងវប្បធម៌នៃការអាន “វៀតណាម - កូរ៉េខាងត្បូងតភ្ជាប់ទំព័រសៀវភៅនីមួយៗ” ដែលបានចាត់តាំងដោយបណ្ណាល័យ Nguyen Dinh Chieu ក៏បានរៀបចំចំណងជើងសៀវភៅមួយចំនួនទាក់ទងនឹងវប្បធម៌កូរ៉េខាងត្បូង ដែលបានគាំទ្រដោយវិទ្យាស្ថាន King Sejong ត្រាវិញដើម្បីបម្រើអ្នកអានវ័យក្មេង។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ លោក Pham Nguyen Bao Tran និស្សិតនៃសាខាសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញនៅខេត្តបេនត្រែបានឲ្យដឹងថា “នៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ ខ្ញុំមានឱកាសស្វែងយល់បន្ថែមអំពីវប្បធម៌កូរ៉េខាងត្បូង និងស្លៀកពាក់សម្លៀកបំពាក់កូរ៉េខាងត្បូង។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ព្រឹត្តិការណ៍នេះមានអត្ថន័យពិសេសសម្រាប់យុវជន ដើម្បីឲ្យអ្នកទាំងអស់គ្នាបានផ្លាស់ប្តូរ និងយល់កាន់តែច្បាស់អំពីវប្បធម៌វៀតណាម-កូរ៉េខាងត្បូង។ ខ្ញុំបានទស្សនា ទីកន្លែងសៀវភៅវៀតណាម-កូរ៉េខាងត្បូង។ ខ្ញុំយល់ឃើញថា សៀវភៅដែលរៀបចំដោយបណ្ណាល័យ Nguyen Dinh Chieu មានភាពសម្បូរបែបទាំងប្រធានបទ និងវិស័យ”។
បង្កើនចំណងសាមគ្គីភាព និងមិត្តភាព
ការផ្លាស់ប្តូរវប្បធម៌គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសម្រាប់មនុស្សលោកចែករំលែក ហើយបញ្ចូលនូវតម្លៃមនុស្សជាតិដ៏ថ្លៃថ្នូរ និងចម្រុះពណ៌ ដោយឈរលើមូលដ្ឋាននៃការគោរព ការយោគយល់គ្នាទៅវិញទៅមក ថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌នៃភូមិស្រុក។ មកដល់ពិធីបុណ្យនេះ មិនត្រឹមតែយុវជននៅបេនត្រែបានទទួលវប្បធម៌កូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងមិត្តភក្តិមកពីកូរ៉េខាងត្បូងជាច្រើនក៏មានឱកាសទទួលបានវប្បធម៌វៀតណាម ជាពិសេសវប្បធម៌បេនត្រែផងដែរ។ លោក Park Sung Young គ្រូបង្រៀនភាសាកូរ៉េខាងត្បូងនៅវិទ្យាស្ថាន King Sejong ត្រាវិញបានសម្តែងថា៖ “ប្រជាជននៅទីនេះមានភាពរួសរាយរាក់ទាក់ណាស់ ហើយបេនត្រែគឺជាកន្លែងពិតជាអស្ចារ្យ។ ប្រទេសវៀតណាមគឺជាកន្លែងដ៏ល្អសម្រាប់រស់នៅ និងសិក្សា។
លោក Park Jong Arm នាយកប្រតិបត្តិនៃវិទ្យាស្ថានKing Sejong ត្រាវិញបានសម្តែងថា៖ “ខ្ញុំរីករាយណាស់ដែលបានចូលរួមក្នុងមហោស្រពវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ដែលប្រារព្ធឡើងនៅទីក្រុងបេនត្រែ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដែលបេនត្រែបានរៀបចំយ៉ាងពិសេសនូវមហោស្រពនេះ ដើម្បីអបអរសាទរខួបលើកទី ៣0 នៃទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង។ ថ្ងៃនេះខ្ញុំនឹងនាំយកម្ហូបអាហារ និងវប្បធម៌កូរ៉េខាងត្បូងមកជូនប្រជាជននៅទីនេះ។ ខ្ញុំចង់និយាយថាពេលដែលខ្ញុំបានចូលរួមក្នុងពិធីនេះ ខ្ញុំមានអារម្មណ៍យល់ដឹងនូវស្នាមញញឹមដ៏មានសង្ឃឹម និងបេះដូងដ៏មានតម្លៃរបស់អ្នករាល់គ្នាដែលបានរៀបចំព្រឹត្តិការណ៍នេះ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងដែលបានផ្តល់ឱកាសឱ្យយើងខ្ញុំនាំយកវប្បធម៌កូរ៉េខាងត្បូងមកកាន់បេនត្រែ»។
នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ វៀតណាម និងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរដែលមានទំនាក់ទំនងល្អជាយូរអង្វែង។ បណ្ដាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏ល្អរវាងវៀតណាម និងកូរ៉េខាងត្បូង ទិសដៅសហប្រតិបត្តិការត្រឹមត្រូវត្រូវបានបង្កើតឡើងលើគ្រប់វិស័យ។ ដោយយល់ច្បាស់នូវគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បេនត្រែតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការបរទេសរវាងវៀតណាម និងកូរ៉េខាងត្បូងដោយផ្តោតលើទំនាក់ទំនងការទូតសេដ្ឋកិច្ចរវាង បេនត្រែនិងដៃគូកូរ៉េខាងត្បូង។ មហោស្រពវប្បធម៌វៀតណាម - កូរ៉េខាងត្បូង គឺជាការគូសបញ្ជាក់ និងឆ្លើយតបទៅនឹងខួបលើកទី ៣0 នៃព្រឹត្តិការណ៍ការទូតសំខាន់ៗរបស់ប្រទេសទាំងពីរ ព្រមទាំងបន្តបើកផ្លូវថ្មីក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយតាមរយៈទំនាក់ទំនងការទូតវប្បធម៌។
“ពីព្រឹត្តិការណ៍នេះ យើងខ្ញុំបានឯកភាពជាមួយ វិទ្យាស្ថានKing Sejong ក្នុងការរៀបចំសកម្មភាពតភ្ជាប់ ដើម្បីលើកកម្ពស់វប្បធម៌នៃប្រទេសទាំងពីរ។ តាមរយៈនោះរួមចំណែកក្នុងការផ្សព្វផ្សាយនូវការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ យើងខ្ញុំសង្ឃឹមថាមនុស្សគ្រប់រូបដែលចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះ ជាពិសេសគឺយុវជននឹងបានឆ្លងកាត់ការពិសោធន៍វប្បធម៌ជាមួយគ្នា ម្នាក់ៗនឹងក្លាយជាអ្នកនាំសារផ្សព្វផ្សាយវប្បធម៌នៃប្រទេសទាំងពីរ លើកកម្ពស់ និងពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរមួយថ្ងៃកាន់តែរឹងមាំ។ (នាយកមជ្ឈមណ្ឌលវប្បធម៌ និងភាពយន្តខេត្ត លោក Nguyen Hoai Anh) |
អត្ថបទដោយ៖ Thanh Đong
ប្រែសម្រួលដោយ៖ Diem Phuc