កម្មវិធីដោះដូរវាយតម្លៃប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាល Co-op និងទិសដៅអភិវឌ្ឍន៍
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 26 ធ្នូ 2022
- ចុចដង៖ 349
នាពេលថ្មីៗនេះ សាកលវិទ្យាល័យត្រាវិញបានរៀបចំកម្មវិធីដោះដូរ“វាយតម្លៃប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាល Co-op និងទិសដៅអភិវឌ្ឍន៍” ដើម្បីបូកសរុបរយៈកាលនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការជាមួយនឹងសហគ្រាស (Co-op) ក្នុងប៉ុន្មានឆ្នាំកន្លងមក និងការកសាងតម្រង់ទិសដៅដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាល Co-op សម្រាប់មុខជំនាញឯទៀត។
ចូលរួមមានតំណាងថ្នាក់ដឹកនាំបណ្ដាក្រុមហ៊ុនដូច៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត CJ Vina Agri; ក្រុមហ៊ុនភាគហ៊ុនថៃវៀត Corporation; ក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ C.P.Vietnam; ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតបច្ចេកវិទ្យា Tanixa; ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Green Farm ត្រាវិញ; ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្បែកជើង My Phong; ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Japfa Comfeed Vietnam; ក្រុមហ៊ុនភាគហ៊ុនរួមការផ្គត់ផ្គង់ទឹកនិងប្រព័ន្ធលូត្រាវិញ; ក្រុមហ៊ុនភាគហ៊ុន My Lan; ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសួនបៃតងត្រាវិញ; ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតគ្រឿងសមុទ្រ Tam Viet; ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Biochem Viet A; ក្រុមហ៊ុន Syngenta; ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតនិងផលិត Đai Nam Viet; ប្រព័ន្ធខ្សែសង្វាក់ហាងលក់សម្ភារៈកសិកម្ម Nong Thinh និងបន្ទប់ពិនិត្យបសុព្យាបាល - Nhu។
ផ្នែកខាងសាកលវិទ្យាល័យត្រាវិញមានលោកបណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សា; លោក Le Van Don អនុប្រធានក្រុមប្រឹក្សា; លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង ជាមួយនឹងថ្នាក់ដឹកនាំ មហាវិទ្យាល័យ មជ្ឈមណ្ឌល និងលោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួល Co-op និងនិស្សិត Co-op ក៏បានចូលរួមផងដែរ។
មានប្រសាសន៍ក្នុងកម្មវិធីនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung បានចែករំលែកថា៖ ការកសាងកម្មវិធីបណ្ដុះបណ្ដាលតាមទម្រង់ Co-op គឺជាចំណុចលេចធ្លោមួយរបស់សាកលវិទ្យាល័យត្រាវិញ ក្នុងច្រើនឆ្នាំកន្លង ដោយនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់ភាគីទាំង៣៖ និស្សិត-សាលា-សហគ្រាស។ ឆ្លៀតក្នុងឱកាសនេះ គណៈអធិការសាលាមានបំណងឲ្យថ្នាក់ដឹកនាំបណ្ដាមុខជំនាញ អង្គភាពមានការដោះដូរយោបល់ជាមួយក្រុមហ៊ុនសហគ្រាស ក៏ដូចជាមានការចូលរួមរបស់អ្នកសិក្សា ដើម្បីរួមគ្នារៀបចំកម្មវិធីឱ្យសមស្រប ដំណោះស្រាយបណ្ដាបញ្ហា និងប្រឈមមុខនូវបញ្ហាដែលបានជួបប្រទះ។
តាមរយៈការពិភាក្សា ក្រុមហ៊ុនទាំងឡាយ មានយោបល់សំណូមពរជាច្រើនក្នុងការបន្តរក្សា និងលើកកំពស់គុណភាពនៃការបណ្តុះបណ្តាលបន្ថែមទៀតនៅក្នុងកម្មវិធី Co-Op។ បន្ទាប់ពីនោះ សាលាក៏បានស្តាប់ និងស្រូបយកនូវមតិកែលម្អរបស់និស្សិត ព្រមទាំងចែករំលែកនូវការលំបាកដែលប្អូនៗជួបប្រទះ ដើម្បីដំណោះស្រាយជាមួយគ្នាក្នុងរយៈពេលធ្វើកម្មសិក្សា Co-Op នៅសហគ្រាស។ ឆ្លងតាមរយៈនេះដែរ សាកលវិទ្យាល័យត្រាវិញនឹងមានបទពិសោធន៍ជាច្រើន និងបន្តការអនុវត្ត ពង្រីកបន្ថែមជាមួយនឹងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗទៀតនាពេលខាងមុខ។
នៅក្នុងកម្មវិធីដោះដូរ តំណាងអ្នកសម្របសម្រួល Co-op បានចែករំលែកអំពីអត្ថប្រយោជន៍ ភាពលំបាកក្នុងពេលអនុវត្តកម្មវិធី តាមរយៈការធ្វើបទបង្ហាញដូច៖ “របាយការណ៍បូកសរុបស្តីពីស្ថានភាពនៃសកម្មភាពបណ្ដុះបណ្ដាលតាមទម្រង់ Co-op របស់សាលានាពេលកន្លងមក” ដោយលោកស្រីបណ្ឌិត Tieu Thanh Thuy នាយកមជ្ឈមណ្ឌលឯកសារសិក្សា-អភិវឌ្ឍន៍ការបង្រៀននិងរៀន; “របាយការណ៍បូកសរុបស្តីពីស្ថានភាពនៃសកម្មភាពបណ្តុះបណ្ដាលតាមទម្រង់ Co-op លើមុខជំនាញវារីវប្បកម្ម” ដោយអនុបណ្ឌិត Diep Thanh Toan នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងវារីវប្បកម្ម ហើយជាអនុប្រធានដេប៉ាតឺម៉ង់កសិកម្មនិងវារីវប្បកម្ម និង“របាយការណ៍បូកសរុបស្តីពីស្ថានភាពនៃសកម្មភាពបណ្តុះបណ្ដាលតាមទម្រង់ Co-op លើមុខជំនាញបសុព្យាបាល” ដោយ អនុបណ្ឌិត Nguyen Thi Anh Thu អនុប្រធានដេប៉ាតឺម៉ង់ចិញ្ចឹមសត្វ - បសុពេទ្យ។
លោក Le Anh Khoa ទទួលបន្ទុកផ្នែកចាត់ការបុគ្គលិកនៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត CJ Vina Agri បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីបណ្តុះបណ្តាល Co-op របស់សាកលវិទ្យាល័យត្រាវិញ ក៏ដូចជាជំនាញវិជ្ជាជីវៈ សមត្ថភាពធ្វើការសម្របជាមួយបរិយាកាសការងារពិតប្រាកដនៅក្រុមហ៊ុន និងមានអាកប្បកិរិយាវិជ្ជមានខិតខំរៀនសូត្រក្នុងការងារ។
ប្អូន Ly Minh Thuan និស្សិតថ្នាក់បរិញ្ញាបត្របសុពេទ្យ ឆ្នាំ២០១៨ បានចែករំលែក Co-op ជួយប្អូនកែលម្អនូវចំណេះដឹង បទពិសោធន៍ការងារ ដែលរួមបញ្ចូលគ្នារវាងទ្រឹស្តីនិងការអនុវត្តនៅសហគ្រាស រួមជាមួយនឹងការហ្វឹកហាត់ជំនាញក្នុងបរិយាកាសការងារពិតប្រាកដ បានបង្កើតឱកាសងាយស្រួលសម្រាប់ប្អូនពេលបញ្ចប់ការសិក្សានៅសាលា។
ក្នុងឱកាសនេះ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត CJ Vina Agri និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត និងផលិត Đai Nam Viet បានប្រគល់ជូនអាហារូបករណ៍ចំនួន ៣១ចំណែក ក្នុងមួយចំណែកៗមានតម្លៃ១លានដុង ដល់និស្សិតជំនាញបសុពេទ្យដើម្បីផ្តល់កម្លាំងចិត្តថែមទៀត សម្រាប់ជំនួយប្អូនៗមានស្មារតីជម្នះភាពលំបាកក្នុងការសិក្សា។
អត្ថបទដោយ៖ Hanh Nguyen – Han Vu
ប្រែសម្រួលដោយ៖ Thach Sang