សាកលវិទ្យាល័យត្រាវិញ ចាត់តាំងសប្តាហ៍ពិនិត្យ ពិគ្រោះ និងព្យាបាលរោគមាត់ធ្មេញដោយឥតគិតថ្លៃជូនប្រជាជន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 24 មីនា 2023
- ចុចដង៖ 292
(TVU)-អំណរ“ទិវាសុខភាពមាត់ធ្មេញពិភពលោក(២០/០៣)”អាស្រ័យសមាគមទន្តវទនសាស្រ្តវៀតណាមបំផុសចលនា ក្រោមប្រធានបទ “ចូរជឿជាក់លើស្នាមញញឹមរបស់អ្នក” មហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យត្រាវិញ បានចាត់តាំង “សប្តាហ៍ពិនិត្យ ពិគ្រោះ និងព្យាបាលរោគមាត់ធ្មេញដោយឥតគិតថ្លៃ” ចាប់ពីថ្ងៃទី០៦-១០ខែមីនា ឆ្នាំ២០២៣ នៅមណ្ឌលអនុវត្តព្យាបាលនៃមហាវិទ្យាល័យទន្តវទនសាស្រ្ត។
នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ពិធីបើកសប្តាហ៍ពិនិត្យរោគមាត់ធ្មេញបានប្រព្រឹត្តឡើងយ៉ាងឱឡារិក ក្រោមវត្តមានភាពរបស់លោកគ្រូ Le Van Don អនុប្រធានក្រុមប្រឹក្សាពិគ្រោះ; លោកបណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភ ថ្នាក់ដឹកនាំនៃមហាវិទ្យាល័យទន្តវទនសាស្រ្ត កងជួរវេជ្ជបណ្ឌិត គ្រូឧទ្ទេស សិក្ខាកាមក្រោយឧត្តមសិក្សា និស្សិត និងមាមីងបានចូលរួមកម្មវិធីយ៉ាងច្រើនកុះករ។
វេជ្ជបណ្ឌិតឯកទេស II Nguyen Doan Hoai ព្រឹទ្ធបុរសរងមហាវិទ្យាល័យទន្តវទនសាស្រ្ត ឱ្យដឹង៖ “សប្តាហ៍ពិនិត្យ ពិគ្រោះ និងព្យាបាលរោគមាត់ធ្មេញដោយឥតគិតថ្លៃជូនប្រជាជន ក្នុងគោលបំណងសំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅលើភូមិសាស្រ្តខេត្តអំពីចំណុចសំខាន់នៃសុខភាពមាត់ធ្មេញ រួមចំណែកកាត់បន្ថយហានិភ័យរោគមាត់ធ្មេញ និងលើកកម្ពស់បំណិនអនុវត្តវិជ្ជាជីវៈជូននិស្សិតផងដែរ”។
ពេលវេលាពិនិត្យ និងព្យាបាលចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់ម៉ោង១៧រសៀល ចាប់ពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ មុននោះ មហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យត្រាវិញ ក៏បានរៀបចំឧបករណ៍ សម្លៀកបំពាក់ការពារ ស្រោមដៃ បន្ទះឈើបៀកក្រមួន និងចាត់ធនធានមនុស្ស បន្ទប់ព្យាបាលសម្រាប់ពិនិត្យព្យាបាលរោគមាត់ធ្មេញ។
វេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់របស់មហាវិទ្យាល័យទន្តវទសនសាស្រ្ត បានចូលរួមក្នុងការពិនិត្យនិងព្យាបាលនេះ មានដូចពិនិត្យរោគមាត់ធ្មេញ កោសកំណកកំបោរ ប៉ះធ្មេញ និងដកធ្មេញ។ ប្រជាជនមកពិនិត្យ បានវេជ្ជបណ្ឌិតពិគ្រោះបង្អែកលើស្ថានភាពមាត់ធ្មេញបច្ចុប្បន្ន និងឡើងផែនការព្យាបាលឱ្យបានសមស្រប។
តាមប្រសាសន៍ បណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ “នេះជាសកម្មភាពមួយដ៏មានអត្ថន័យ ស្ថិតក្នុងចំណោមភារកិច្ចធំៗ៣របស់សាលា គឺបង្ហាត់បង្រៀន ស្រាវជ្រាវវិទ្យាសាស្រ្ត និងបម្រើសហគមន៍។ សង្ឃឹមថាមាមីងបងប្អូនទាំងអស់ទទួលបាននូវបទពិសោធន៍ដ៏ល្អបំផុតពេលមកព្យាបាលនៅមហាវិទ្យាល័យ ហើយកម្មវិធីនេះ នឹងរីករាយសាយភាយទូលំទូលាយក្នុងសហគមន៍”។
លោក Vo Thanh Hung ស្នាក់នៅសង្កាត់ទី៦ ក្រុងត្រាវិញ ទើបបានវេជ្ជបណ្ឌិតព្យាបាល ឱ្យដឹង៖ “បន្ទាប់ពីបានពិនិត្យនិងពិគ្រោះអំពីស្ថានភាពមាត់ធ្មេញបច្ចុប្បន្ន វេជ្ជបណ្ឌិតបានដាក់ចេញនូវដំណោះស្រាយភ្លាមៗ និងឡើងផែនការព្យាបាល។ ខ្ញុំពេញចិត្តនឹងអាកប្បកិរិយា ក៏ដូចជារបៀបធ្វើការរវាសរវៃរបស់វេជ្ជបណ្ឌិតនៅទីនេះ”។
ក្នុងអំឡុងច្រើនឆ្នាំកន្លង សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងនូវសកម្មភាពជាច្រើន ដើម្បីផ្សព្វផ្សាយ ពិនិត្យ និងណែនាំពីរបៀបថែទាំសុខភាពមាត់ធ្មេញដល់កុមារ និងប្រជាជនទូទាំងខេត្តផងដែរ៕
អត្ថបទ៖ My Tien – Thu Minh
ប្រែសម្រួល៖ So Phune