ពិធី Macchabée - ការដឹងគុណចំពោះការរួមចំណែកដ៏ថ្លៃថ្នូរបស់អ្នកដែលបានបរិច្ចាគរាងកាយជូនវេជ្ជសាស្រ្ត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 29 មករា 2024
- ចុចដង៖ 148
(TVU) - នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្តនៃ សាកលវិទ្យាល័យត្រាវិញ បានប្រារព្ធពិធី Macchabée ដើម្បីថ្លែងអំណរគុណដល់អ្នកដែលបានបរិច្ចាគរាងកាយសម្រាប់បុព្វហេតុអប់រំ និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ។
អញ្ជើញចូលរួមក្នុងពិធីនេះ មានសាស្ត្រាចារ្យ បណ្ឌិត វេជ្ជបណ្ឌិត គ្រូពេទ្យប្រជាជន Ta Van Tram នាយកមន្ទីរពេទ្យពហុព្យាបាលខេត្តតៀនយ៉ាង ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត; បណ្ឌិត វេជ្ជបណ្ឌិត កម្រិត II Tran Kien Vu នាយកមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត និងជាប្រធានដេប៉ាតឺម៉ងវះកាត់;វេជ្ជបណ្ឌិតកម្រិតII Huynh Thi Hong Nhung នាយកមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត; បណ្ឌិត វេជ្ជបណ្ឌិត Nguyen Thanh Binh ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានវេជ្ជសាស្ត្រតាមតម្រូវការសង្គម ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត; បណ្ឌិត Do Nhat Phuong ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត; អនុបណ្ឌិត វេជ្ជបណ្ឌិត Doan Duong Chi Thien ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត; វេជ្ជបណ្ឌិត កម្រិត II Nguyen Doan Hoai ព្រឹទ្ធបុរសរងមហាវិទ្យាល័យទន្តវទនសាស្ត្រ រួមជាមួយនឹងថ្នាក់ដឹកនាំអង្គភាពចំណុះសាលា ព្រមទាំងគ្រូឧទ្ទេស និងបុគ្គលិក និងនិស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្តបានចូលរួមក្នុងពិធីនេះផងដែរ។
ថ្លែងសុន្ទរកថាក្នុងពិធីនោះ បណ្ឌិត វេជ្ជបណ្ឌិត កម្រិតII Tran Kien Vu នាយកមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត និងជាប្រធានដេប៉ាតឺម៉ងវះកាត់ មានប្រសាសន៍ថា៖ “មហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្ត នៃសាកលវិទ្យាល័យត្រាវិញបានបង្កើតឡើងជាមួយនឹងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាលសម្រាប់ខេត្ត និងតំបន់ បន្តប្រពៃណីផ្នែកសុខាភិបាល យើងខ្ញុំ និងអ្នកដែលប្រកបការងារខាងវិស័យបណ្ដុះបណ្ដាលអប់រំផ្នែកវេជ្ជសាស្រ្ដ បានរៀបចំពិធី Macchabee ដើម្បីបង្ហាញពីការដឹងគុណចំពោះអ្នកដែលបានបរិច្ចាករាងកាយក្នុងបុព្វហេតុនៃការអប់រំ និងការស្រាវជ្រាវវេជ្ជសាស្រ្ត គោរពលើកតម្កើងអំពើដ៏ថ្លៃថ្នូក្នុងភាពស្ងៀមស្ងាត់នៃអ្នកទាំងនោះ។”
ពិធីនេះបានប្រារព្ធឡើងយ៉ាងឱឡារិកនៅក្នុងសាលប្រជុំD5 ពិធីអុជធូបគោរពបូជាបានរៀបចំនៅក្នុងបន្ទប់អនុវត្តកាយវិភាគសាស្ត្រ។ នៅទីនេះ សាកសពត្រូវបានរុំដោយកម្រងផ្កា ចង្កៀង ផ្កា ក្រៀលក្រដាស់ និងអុជធូបរំឭកគុណជូនលោកគ្រូអ្នកគ្រូស្ងៀមស្ងាត់។
ប្អូន Huynh Trung Hao និស្សិតផ្នែកវេជ្ជសាស្ត្រវគ្គឆ្នាំ២០២១បានអានវិយោគកថា ដោយបង្ហាញពីការគោរពដឹងគុណ និងមនោសញ្ចេតនាដ៏ល្អជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់បូជារាងកាយដោយស្ងៀមស្ងាត់សម្រាប់វេជ្ជសាស្រ្ត។ ប្អូន Trung Hao តក់ស្លុតសម្តែងថា "ខ្ញុំសន្យាថានឹងខិតខំបង់ហ្វឹកគុណធម៌ បំប៉នទេពកោសល្យ និងខិតខំសិក្សាជានិច្ច ដើម្បីក្លាយជាវេជ្ជបណ្ឌិតមានវិជ្ជាជីវៈដ៏ល្អ សំបូរទៅដោយក្រមសីលធម៌វេជ្ជសាស្ត្រ និងមានប្រយោជន៍ដល់សង្គម"។
“ពិធីគោរពដឹងគុណ Macchabée ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង គឺជាថ្ងៃមួយដ៏ពិសិដ្ឋ និងសំខាន់សម្រាប់និស្សិត លោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៃសាលា នេះជាឱកាសមួយដើម្បីអប់រំនិស្សិតពេទ្យ មើលឃើញពីការទទួលខុសត្រូវក្នុងការសិក្សា និងជាមោទនភាពចំពោះវិជ្ជាជីវៈដែលខ្លួនបានជ្រើសរើស។ សមូហភាព គ្រូបង្រៀន និងនិស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្ត ប្តេជ្ញាចិត្តនឹងបញ្ចេញអស់ពីសមត្ថភាព និងបញ្ញារបស់ខ្លួន ដើម្បីសិក្សា និងស្រាវជ្រាវ ដើម្បីក្លាយជាគ្រូពេទ្យដ៏ល្អ រួមចំណែកដល់សង្គម។ អនុបណ្ឌិត វេជ្ជបណ្ឌិត Doan Duong Chi Thien ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្តមានប្រសាសន៍ក្នុងពិធីនេះ។
ពិធីMacchabée - ឬហៅថា ពិធីគោរពដឹងគុណ "អ្នកដែលបានបរិច្ចាគរាងកាយជូនវេជ្ជសាស្រ្ត" គឺជាពិធីប្រចាំឆ្នាំរបស់និស្សិតពេទ្យដែលបង្ហាញពីការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលស្ម័គ្រចិត្តបរិច្ចាគរាងកាយរបស់គេដើម្បីវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រ។ ចាប់តាំងពីឆ្នាំ២០១៣មក ពិធី Macchabée បានក្លាយជាថ្ងៃបុណ្យប្រចាំឆ្នាំសម្រាប់និស្សិតពេទ្យ មហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ ។
អត្ថបទដោយ៖ Hanh Nguyan – Lam Thinh
ប្រែសម្រួលដោយ៖ Van Thon