ពិធីប្រឡងវេចនំអន្សមបួនជ្រុង និងនំអន្សម អភិរក្សវប្បធម៌ប្រពៃណីបុណ្យចូលឆ្នាំថ្មីវៀតណាម

TVU – ក្នុងបរិយាកាសដ៏សប្បាយ​រីករាយ​អំណរបុណ្យចូលឆ្នាំថ្មីវៀតណាមយ៉ាបធិននេះ ចាប់ពីថ្ងៃទី ២៦-២៩ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យត្រាវិញ បានប្រព្រឹត្តឡើងពិធី​ប្រឡងវេចនំអន្សមបួនជ្រុង និងនំអន្សម ដោយបានទាក់ទាញក្រុមប្រឡងចូលរួមជាង៤០ក្រុម ជាឱកាសសម្រាប់និស្សិត គ្រូឧទ្ទេសបង្ហាញពីក្តីស្រឡាញ់មាតុភូមិ រួមចំណែកអភិរក្ស និងអភិវឌ្ឍនូវតម្លៃប្រពៃណីរបស់ប្រជាជាតិ។

ភាពប្រណីតនៃពិធីប្រឡងវេចនំអន្សមបួនជ្រុង នំអន្សមចំពោះនិស្សិត

4-1

4-2

ដោយមានការចូលរួមពីថ្នាក់ សាខាសមាគមនិស្សិត និងក្លឹបនានាចំនួន២០ក្រុម ពិសេសមានការចូលរួមពីនិស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ បេក្ខជនមានភាពជឿជាក់បានបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួនក្នុងការវេចនំ និងដាក់តាំងនំអន្សមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីវៀតណាម បង្កើតជាវណ្ណកម្មពហុសណ្ឋាន និងចម្រុះពណ៌។

លោក Pham Quoc Khanh អនុប្រធានការិយាល័យកិច្ចការសិស្ស-និស្សិតមានប្រសាសន៍៖ ពិធីប្រឡងគឺជាឱកាសសម្រាប់និស្សិតបង្ហាញពីសមត្ថភាពច្នៃប្រឌិត និងបំណិនអនុវត្ត ជាឱកាសផ្សារភ្ជាប់ រៀនសូត្រ និងរួមគ្នាអភិរក្ស និងអភិវឌ្ឍនូវលក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាម។ នំអន្សមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីវៀតណាម បានវេចយ៉ាងតឹងណែន ហើយដាក់ក្នុងស្លឹកចេកបៃតង មិនត្រឹមតែជាអំណោយដ៏មានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃក្តីស្រឡាញ់មាតុភូមិ និងមោទនភាពអំពីវប្បធម៌ជាតិទៀតផង។

បន្ទាប់ពីពីរ​វគ្គ​ប្រឡងវេចនំនិងដាក់តាំងនំ គណៈចាត់តាំងបានប្រកាសលទ្ធផល រង្វាន់លេខ១ បានទៅសាខាសមាគមនិស្សិតអន្តរខេត្ត ដោយមានរួមបញ្ចូលគ្នាយ៉ាងល្អវិចិត្ររវាងប្រពៃណី និងសម័យក្នុងរបៀបវេចនិងដាក់តាំងនំ។ រង្វាន់​លេខ​២ ​បាន​ទៅលើសាខា​សមាគម​និស្សិត​ស្រុក​កាងឡុង ​ដោយមាន​ភាព​ហ្មត់ចត់​និង​ល្អិតល្អន់ក្នុងលក្ខណៈនីមួយៗ។ រង្វាន់លេខ៣ ប្រគល់ដល់ថ្នាក់មហាវិទ្យាល័យភាសាខ្មែរ ជំនាន់ឆ្នាំ២០២៣ ដោយមានការតស៊ូ និងស្រឡាញ់ពេញចិត្តជាមួយនឹងវប្បធម៌ជនជាតិ។

4-3

4-4 

4-6

គណៈចាត់តាំង បានជូនរង្វាន់លើកទឹកចិត្តចំនួន០៥ ដល់ក្រុមដែលចូលរួមយ៉ាងសកម្ម ក្នុងនោះមានក្រុមនិស្សិតកម្ពុជា សាខាសមាគមនិស្សិត និងក្លឹបនានាចំណុះសមាគមនិស្សិតសាលា។

ពិធីប្រឡងវេចនំអន្សមបួនជ្រុង និងនំអន្សម សម្រាប់​គ្រូឧទ្ទេស - ចែករំលែក​ក្តី​រីករាយ​ដល់​សហគមន៍

4-7

ពិធី​ប្រឡង​សម្រាប់គ្រូឧទ្ទេស បុគ្គលិក​ និង​និយោជិត បាន​ទាក់ទាញ​ក្រុម​ប្រឡងចូលរួម​២៣ក្រុម។ ចំណុចខុសប្លែកនៅទីនេះ ក្រៅពីការបង្ហាញពីសមត្ថភាពវេចនំអំណរនិទាឃរដូវរបស់ក្រុមប្រឡង ផលិតផលក្រោយពីការប្រឡង ត្រូវបានជូនដល់គ្រួសារលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ជាសារចំណាយភាយនូវក្តីរីករាយ​ដល់គ្រួសារលំបាក បានទទួលបុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយភាពកក់ក្ដៅ។

4-9

លោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ មានប្រសាសន៍៖ ពិធីប្រឡងនេះបានប្រព្រឹត្តឡើងក្នុងបរិយាកាសដ៏អ៊ូអរនៃថ្ងៃជិតដល់បុណ្យចូលឆ្នាំវៀតណាម បង្ហាញពីភាពជិតស្និទ្ធផង សាមគ្គីភាពក្នុងសមូហភាពសមាជិកសហជីព និងនិយោជិតផង ជួយឱ្យបេក្ខជនយល់ច្បាស់ពីប្រភពដើម និងអត្ថន័យនំអន្សមផង។ ការប្រឡងមិនត្រឹមតែជាឱកាសសម្រាប់គ្រូឧទ្ទេសបង្ហាញពីសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ខ្លួនក្នុងការវេចនំអន្សំប៉ុណ្ណោះទេ នៅទាំងជាឱកាសបង្ហាញពីស្មារតីស្រុះស្រួល សាមគ្គីភាព និងស្មារតីចែករំលែកជាមួយសហគមន៍ជុំវិញផងដែរ។

លោក Nguyen Nhat Thanh ប្រធានសហជីពសាលា មានប្រសាសន៍៖ នំអន្សមនីមួយៗបានវេចយ៉ាងហ្មត់ចត់ មិនត្រឹមតែជាអំណោយផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាស្មារតីចែករំលែកនូវក្តីសប្បាយរីករាយ និងជូនពរដ៏បវរដល់គ្រួសារមានដែលស្ថានភាពលំបាកទៀតផង។ ក្នុងឱកាសនេះ សហជីពសាលាបានចាត់តាំងទៅសួរសុខទុក្ខ និងជូនអំណោយនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្ត រួមមាន នំអន្សមចំនួន ៥០ សាច់៣០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

4-10

អត្ថបទដោយ៖ Thanh Son – Ba An

ប្រែ​សម្រួល​ដោយ៖​ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីប្រឡងវេចនំអន្សមបួនជ្រុង និងនំអន្សម អភិរក្សវប្បធម៌ប្រពៃណីបុណ្យចូលឆ្នាំថ្មីវៀតណាម