សាកលវិទ្យាល័យត្រាវិញ កំណត់ទិសដៅអភិវឌ្ឍផ្សារភ្ជាប់នឹងតម្រូវការធនធានមនុស្សនៅភូមិភាគ

ប្រភពពត៌មាន៖ https://giaoducthoidai.vn/truong-dh-tra-vinh-dinh-huong-phat-trien-gan-nhu-cau-nhan-luc-dia-phuong-post672974.html

GD&TĐ - នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ក្នុងដំណើរបំពេញការងារនៅខេត្តត្រាវិញ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានអញ្ជើញមកទស្សនកិច្ច និងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ។

6-1

ទិដ្ឋភាពពេលធ្វើការ​

អមដំណើរគណៈប្រតិភូ មានលោកស្រី Nguyen Thu Thuy - ប្រធាននាយកដ្ឋានអប់រំមហាវិទ្យាល័យ; លោក Tran Thanh Dam - ប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុ ព្រមជាមួយនឹងសមាជិកផងដែរ។

ខាងសាកលវិទ្យាល័យត្រាវិញ មានលោកសាស្រ្តាចារ្យ បណ្ឌិត Pham Tiet Khanh - ប្រធានក្រុមប្រឹក្សាភិបាលសាលា; លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa - សាកលវិទ្យាធិការ; មួយអន្លើដោយសាកលវិទ្យាធិការរង និងកម្មាភិបាលស្នូលរបស់សាលា។

6-2

រដ្ឋមន្ត្រី Nguyen Kim Sonអញ្ជើញទៅទស្សនាការិយាល័យមូលនិធិអាហារូបករណ៍របស់លោក Nguyen Thien Thanhនៅសាកលវិទ្យាល័យត្រាវិញ។

រួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅភូមិភាគ និងតំបន់វាលរាបទន្លេគឺវឡុង

ធ្វើរបាយការណ៍ក្នុងពេលធ្វើការនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa - សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ឱ្យដឹង៖ បច្ចុប្បន្នផ្ទៃដីរបស់សាលាមានចំនួន៤៩,៨ហិកតា; ផ្ទៃដីសាងសង់ជិត៤១.០០០ម; ដោយមានបន្ទប់រៀនផ្នែកទ្រឹស្តី សាលបង្រៀន សាលប្រជុំជាង២០០បន្ទប់; បន្ទប់រៀនកុំព្យូទ័រចំនួន២៩បន្ទប់; បន្ទប់ពិសោធន៍ រោងអនុវត្ត កសិដ្ឋានពិសោធន៍ជាក់ស្តែងជាង១៤០បន្ទប់ (ផ្ទៃដីសរុប៤៨.២៧៩ម)... គ្រឿងសម្ភារៈនិង​ឧបករណ៍​ពិសោធន៍ ជាសារវន្តបានឆ្លើយតបនឹងតម្រូវការបង្ហាត់បង្រៀន និងសិក្សាស្រាវជ្រាវ។

បច្ចុប្បន្ន សាកលវិទ្យាល័យត្រាវិញ មានក្រុមប្រឹក្សាភិបាលសាលា ក្រុមប្រឹក្សាថ្នាក់សាលាចំនួន២; មានសាលាក្រោម​ចំណុះចំនួន២ និងមហាវិទ្យាល័យចំនួន១១ ជាអង្គភាពអនុវត្តមុខងារបណ្តុះបណ្តាល។ ការិយាល័យមុខងារចំនួន១៦; មជ្ឈមណ្ឌល និងអង្គភាពក្រោមចំណុះចំនួន៩។ បច្ចុប្បន្ន កងជួរបុគ្គលិក គ្រូឧទ្ទេសរបស់សាលាជាង១.២០០នាក់; ក្នុង​នោះ គ្រូឧទ្ទេស​មាន​កម្រិតវិជ្ជា​ក្រោយ​បរិញ្ញាបត្រ ស្រូបអត្រា​ប្រមាណ ៧៦%។

6-3

លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa - សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ថ្លែងសុន្ទរកថាក្នុងពេលធ្វើការ។

លោក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa ឱ្យដឹង៖ សាកលវិទ្យាល័យត្រាវិញ គឺជាសាលាក្រោមចំណុះភូមិភាគតែមួយគត់ក្នុងចំណោមគ្រឹះស្ថានអប់រំមហាវិទ្យាល័យទាំង២៣ ក្នុងទូទាំងប្រទេស ជាគំរូស្វ័យភាពលើកដំបូងតាមសេចក្តីសម្រេចចិត្តលេខ ៧៧ ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៤ របស់​រដ្ឋាភិបាល​។ បច្ចុប្បន្ន សាលាបន្តអនុវត្តស្វ័យភាពតាមអនុក្រឹត្យលេខ ៩៩/២០១៩ ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ របស់រដ្ឋាភិបាល ស្តីពីររៀបចំប្រព័ន្ធចាត់តាំង និងបុគ្គលិក អំពីហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ។

សាលាកំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជាង១២០កម្មវិធីសិក្សា តាម​របៀប​រៀន​ពេញ​ម៉ោង​ រៀនបន្តឡើង ធ្វើការបណ្តើររៀនបណ្តើរ និងប្រព័ន្ធបណ្តុះបណ្តាលអនឡាញ និងពីចម្ងាយ។ ឆ្នាំ ២០២៣ សាលាបានទាក់ទាញនិស្សិត សិក្ខាកាមជាង២៥.០០០នាក់មកពីភូមិភាគនានាក្នុងទូទាំងប្រទេស បន្តការសិក្សានៅគ្រប់ប្រព័ន្ធ និងកម្រិតបណ្តុះបណ្តាល។

ក្នុង​នោះ​បណ្តុះបណ្តាលក្រោយ​បរិញ្ញាបត្រដល់សិក្ខាកាមជាង១.១៣០នាក់ បរិញ្ញាបត្រ​បែប​ពេញ​ម៉ោង​មាន​និស្សិត​១០.២៣០នាក់ បរិញ្ញាបត្ររងចំនួន១៧០នាក់ ថ្នាក់​បរិញ្ញាបត្រ​បែប​រៀនបណ្តើរធ្វើការបណ្តើរ​ចំនួន៣.៤៦០នាក់ និង​​ថ្នាក់​រៀន​ពី​ចម្ងាយ១៤.២៧០នាក់។ មកដល់ពេលនេះ សាលាបាននិងកំពុងបណ្តុះបណ្តាលនិស្សិតកម្ពុជា១៥៨នាក់

6-4

គណៈគ្រប់​គ្រងសាលា និងកម្មាភិបាលស្នូលរបស់សាកលវិទ្យាល័យត្រាវិញ នៅក្នុងពេលធ្វើការ។

ឆ្លងតាមរយៈការបណ្តុះបណ្តាល សាលាបានផ្តល់ធនធានមនុស្សដល់សង្គមរាប់សិបពាន់នាក់នៅកម្រិតផ្សេងៗគ្នា រួមចំណែកស្ថិរភាព អភិវឌ្ឍការអប់រំ សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ខេត្ត និងតំបន់វាលរាបទន្លេគឺវឡុង។

អំពីការស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងដំណាក់កាលពីខែមករា ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២៣ បច្ចុប្បន្នសាលាមានប្រធានបទស្រាវ​ជ្រាវ​ចំនួន២៨៣ ត្រូវបានធ្វើ​ការ​ស្រាវ​ជ្រាវ​ រួមមានប្រធានបទស្រាវ​ជ្រាវថ្នាក់ជាតិចំនួន៥ ថ្នាក់ក្រសួងចំនួន៤ ថ្នាក់ខេត្តចំនួន២០ និងថ្នាក់មូលដ្ឋានចំនួន២៥៤។ ក្នុង​នោះ ​មានប្រធានបទស្រាវ​ជ្រាវ​​ចំនួន៩៦​អាស្រ័យនិស្សិតធ្វើប្រធាន។​

ទន្ទឹមនឹងនោះ សាលា​នៅទាំង​អនុវត្តនូវ​គម្រោង​ពិគ្រោះបច្ចេកទេស ផ្ទេរ​ជូនបច្ចេកវិទ្យា និង​ជួយ​សហគមន៍​ ដោយមាន​គម្រោង​ចំនួន៥២។ ក្រៅពីនោះ គ្រូឧទ្ទេសរបស់សាលាក៏សកម្មក្នុងការប្រកាសលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រនៅលើទស្សនាវដ្តីមានកិត្យានុភាពទាំងក្នុងនិងក្រៅទេស ដោយមានអត្ថបទស្រាវ​ជ្រាវ​ចំនួន១.៥៨០អត្ថបទ រួមទាំងអត្ថបទស្រាវ​ជ្រាវចំនួន៣២១ដែលបានចុះផ្សាយនៅលើទស្សនាវដ្តីឯកទេសអន្តរជាតិក្រោមចំណុះមាតិកា ISI/Scopus អត្ថបទស្រាវ​ជ្រាវ​ចំនួន៦៤បានចុះផ្សាយលើទស្សនាវដ្តីឯកទេសអន្តរជាតិមានកិត្យានុភាព បានវាយតម្លៃគុណភាពឯករាជ្យផ្សេងៗទៀត និងអត្ថបទចំនួន១.១៩៥បានចុះផ្សាយនៅលើទស្សនាវដ្តីក្នុងប្រទេស មានសន្ទស្សន៍ ISSN

ក្រោម​ការដឹកនាំ ចង្អុលការផ្ទាល់របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ តាំងពីអភិវឌ្ឍទម្រង់ឧត្តមសិក្សាសហគមន៍ឡើងសាកលវិទ្យាល័យនៅឆ្នាំ២០០៦ រហូតមកដល់ពេលនេះគ្រាន់តែជាង១៥ឆ្នាំប៉ុណ្ណោះ សាកលវិទ្យាល័យត្រាវិញបានអំណះអំណាងឋានៈយ៉ាងឆាប់រហ័សស្ថិតក្នុងក្រុមនាំមុខនៅតំបន់វាលរាបទន្លេគឺវឡុង មានចំណាត់ថ្នាក់ខ្ពស់ក្នុងប្រព័ន្ធគ្រឹះស្ថានបណ្តុះបណ្តាល​នៅប្រទេសវៀតណាម និងពិភពលោក; បានរដ្ឋាភិបាល ក្រសួងអប់រំនិងបណ្តុះបណ្តាល ប្រគល់ឱ្យអនុវត្តភារកិច្ចស្នូលរបស់ជាតិ និងដឹកនាំក្នុងកម្មវិធីធំៗជាច្រើន; បណ្តុះបណ្តាលនិងផ្គត់ផ្គង់កម្លាំងពលករសម្រាប់​ខេត្តត្រាវិញ និងទូទាំងប្រទេស…” លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa បានគូសបញ្ជាក់ដូច្នេះ។

6-5

រដ្ឋមន្ត្រី Nguyen Kim Son ថ្លែងប្រសាសន៍ក្នុងពេលធ្វើការ។

កំណត់ទិសដៅអភិវឌ្ឍអោយ​សមស្របជាមួយនឹងឧត្តមភាព និងតម្រូវការធនធានមនុស្ស

ថ្លែងប្រសាសន៍ក្នុងពេលធ្វើការជាមួយសមូហភាពគរុកោសល្យ និងនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ រដ្ឋមន្ត្រី Nguyen Kim Son បានសម្តែងសេចក្តីរំភើបចំពោះការរីកចម្រើនអំពីទ្រង់ទ្រាយពីមូលដ្ឋានសម្ភារៈ មុខជំនាញបណ្តុះបណ្តាល កងជួរបុគ្គលិក ចំនួននិស្សិត និង​ការ​ទំនាក់ទំនងអន្តរជាតិ... របស់សាលា។

រដ្ឋមន្ត្រីបានកត់សម្គាល់ ស្ងើចសរសើរ និងអបអរសាទរចំពោះសមិទ្ធផលដ៏ល្អប្រសើររបស់សាលា និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ បង្កលក្ខណៈរបស់ភូមិភាគចំពោះវិស័យអប់រំ និងបណ្តុះបណ្តាលនិយាយរួម និងសាលានិយាយដោយឡែក។

រដ្ឋមន្ត្រី Nguyen Kim Son បានគូសបញ្ជាក់៖ រយៈពេលកន្លង សាកលវិទ្យាល័យត្រាវិញ បានអភិវឌ្ឍយ៉ាងលឿន និងកំពុងមានសក្ដានុពលអភិវឌ្ឍជាច្រើន។ រដ្ឋមន្ត្រីសំណូមពរសាលាកំណត់ទិសដៅអភិវឌ្ឍសមស្របដោយ​ផ្អែកលើមូលដ្ឋានឧត្តមភាពផ្សារភ្ជាប់នឹងតម្រូវការធនធានមនុស្សរបស់ភូមិភាគ និងទូទាំងតំបន់។ សាលាយកចិត្តទុកដាក់ពង្រីកឧត្តមភាពរបស់សាលា ដូចជាភាសាខ្មែរ គរុកោសល្យ និងកសិ-រុក្ខ-នេសាទកម្មជាដើម៕

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ កំណត់ទិសដៅអភិវឌ្ឍផ្សារភ្ជាប់នឹងតម្រូវការធនធានមនុស្សនៅភូមិភាគ