សាកលវិទ្យាល័យចំនួនបួន ទទួលស្គាល់លទ្ធផលប្រឡងវាយតម្លៃច្រកចូលតាមកុំព្យូទ័ររបស់គ្នាទៅវិញទៅមក

ប្រភព៖ កាសែត Giáo dục & Thời đại

GD&TĐ - នៅរសៀលថ្ងៃទី២០ ខែមីនា នៅសាកលវិទ្យាល័យក្រុងហូជីមិញ បានប្រព្រឹត្តឡើងពិធីចុះហត្ថលេខាអំពីការទទួលស្គាល់ និងប្រើប្រាស់លទ្ធផលប្រឡងវាយតម្លៃច្រកចូលមហាវិទ្យាល័យតាមកុំព្យូទ័រ (V-SAT)

6-1

ថ្នាក់​ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ទាំងបួន ​បាន​ចុះ​ហត្ថលេខាទទួល​ស្គាល់​លទ្ធផល​ប្រឡង​វាយតម្លៃសមត្ថភាពច្រកចូល​តាម​កុំព្យូទ័រ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។

ឆ្លងតាមរយៈនោះ សាកលវិទ្យាល័យចំនួន៤ រួមមាន៖ សាកលវិទ្យាល័យច្បាប់ក្រុងហូជីមិញ សាកលវិទ្យាល័យវ៉ាន់ឡាង សាកលវិទ្យាល័យក្រុងហូជីមិញ និងសាកលវិទ្យាល័យត្រាវិញ នឹងចាត់តាំងការប្រឡង V-SAT ដោយស្វ័យភាពក្នុងការប្រើប្រាស់លទ្ធផលប្រឡងជម្រើសនិស្សិតចូលរៀនមហាវិទ្យាល័យ​តាមសេចក្តីកំណត់របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។

តាមខ្លឹមសារដែលបានចុះហត្ថលេខា ក្នុងដំណើរពិនិត្យជម្រើស សាកលវិទ្យាល័យទាំង៤នេះ នឹងផ្តល់អាទិភាពទទួលស្គាល់ និងប្រើប្រាស់រួមនូវលទ្ធផលនៃការប្រឡង V-SAT អាស្រ័យអង្គភាពដទៃចាត់តាំងឡើង។

អង្គភាពនានាដែលចូលរួមចុះហត្ថលេខា ក៏មានការទទួលខុសត្រូវក្នុងកិច្ចសហការផ្តល់ព័ត៌មានបេក្ខជន  លទ្ធផលប្រឡង និងគាំទ្រពិនិត្យបញ្ជាក់លទ្ធផលប្រឡងរបស់បេក្ខជន ដើម្បីគោលដៅជម្រើសនិស្សិតមហាវិទ្យាល័យតាមសេចក្តីកំណត់របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ ទន្ទឹមនឹងនោះ ភាគីទាំងឡាយត្រូវទទួលខុសត្រូវក្នុងការរក្សាព័ត៌មានបេក្ខជនជាសម្ងាត់តាមសេចក្តីកំណត់ផងដែរ។

មជ្ឈមណ្ឌលគ្រប់គ្រង​ការប្រឡងនិង​ពិន្ទុថ្នាក់ជាតិ និងវាយតម្លៃគុណភាពអប់រំ (ក្រសួងអប់រំនិងបណ្តុះបណ្តាល) គឺជាអង្គភាពដែលទទួលខុសត្រូវក្នុងការផ្តល់កម្រង​សំណួរប្រឡង និងកម្មវិធីចាត់តាំងការប្រឡងលើ​កុំព្យូទ័រ ដើម្បីធានាទិសដៅនៃការប្រឡង; សហការគាំទ្រសាកលវិទ្យាល័យក្នុងការចាត់តាំងការប្រឡង; បង្កើតរបាយការណ៍វិភាគលទ្ធផលប្រឡង និងផ្គត់ផ្គង់ដល់សាកលវិទ្យាល័យ; អនុវត្តនូវភារកិច្ច និងទទួលខុសត្រូវតាមកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយសាកលវិទ្យាល័យក្នុងកិច្ចសហការចាត់តាំងការប្រឡងមួយលើកៗ។

6-2

ទិដ្ឋភាពពិធីចុះហត្ថលេខាទទួលស្គាល់លទ្ធផលប្រឡងវាយតម្លៃសមត្ថភាពច្រកចូលតាមកុំព្យូទ័ររបស់សាកលវិទ្យាល័យទាំង៤។

ទន្ទឹមនឹងការទទួលស្គាល់ និងប្រើប្រាស់រួមលទ្ធផលប្រឡង V-SAT អង្គភាពនានានឹងផ្លាស់វេនគ្នាចាត់តាំងប្រជុំប្តូរវេន ដើម្បីបូកសរុប វាយតម្លៃលទ្ធផលអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងខែធ្នូរៀងរាល់ឆ្នាំ។

មុននោះ ក្នុងរដូវជម្រើសនិស្សិត ឆ្នាំ២០២៣ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ទទួលស្គាល់ និងប្រើប្រាស់លទ្ធផលសម័យប្រឡងវាយតម្លៃសមត្ថភាពតាមកុំព្យូទ័រ រវាងសាកលវិទ្យាល័យចំនួន៤ រួមមាន៖ សាកលវិទ្យាល័យធនាគារក្រុងហូជីមិញ សាកលវិទ្យាល័យក្រុងហូជីមិញ សាកលវិទ្យាល័យសៃហ្គន និងសាកលវិទ្យាល័យហិរញ្ញវត្ថុ - Marketing ក៏បានប្រព្រឹត្តឡើងផងដែរ។

នេះ​អាច​ចាត់​ទុក​​ថា ជាទ្រង់ទ្រាយចាត់តាំង​ការ​ប្រឡង និង​ពិនិត្យជម្រើសដ៏ល្អមួយ ដើម្បី​កាត់​បន្ថយ​សម្ពាធ​ដល់​បេក្ខជន។

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យចំនួនបួន ទទួលស្គាល់លទ្ធផលប្រឡងវាយតម្លៃច្រកចូលតាមកុំព្យូទ័ររបស់គ្នាទៅវិញទៅមក